30/10/2026
ទម្លាប់១ម៉ោងដំបូងពេលព្រឹក
(កំណត់ភាពចាស់ ឬក្មេងជាងវ័យរបស់អ្នក)
យោងតាមការស្រាវជ្រាវ និងសិក្សាថ្មីៗនេះពីសាកលវិទ្យាល័យល្បីៗលើពិភពលោក ដូចជាសាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញពីរបកគំហើញដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ការស្រាវជ្រាវបានរកឃើញថា "អ្វីដែលអ្នកធ្វើក្នុងរយៈពេល ១ ម៉ោងដំបូង បន្ទាប់ពីភ្ញាក់ពីដេក" គឺជាកត្តាសំខាន់បំផុតដែលនឹងកាត់សេចក្ដីថា តើអ្នកនឹងមានសុខភាពល្អ ក្មេងជាងវ័យ ឬក៏ឆាប់ចាស់ទ្រុឌទ្រោម។
ដើម្បីយល់ពីបញ្ហានេះ យើងត្រូវដឹងពីអ្វីដែលកើតឡើងចំពោះរាងកាយនៅពេលយប់ ក្នុងអំឡុងពេលដែលយើងគេងលក់ រាងកាយបានប្រើប្រាស់ប្រព័ន្ធខាងក្នុងដើម្បីជួសជុលកោសិកាដែលខូចខាត ទន្ទឹមនឹងនោះ រាងកាយក៏បាត់បង់ជាតិទឹកជាច្រើនតាមរយៈការដកដង្ហើម និងការបញ្ចេញញើស ជាពិសេសប្រសិនបើអ្នកគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ដែលធ្វើឱ្យខ្យល់ស្ងួត កត្តានេះបណ្ដាលឱ្យឈាមរបស់យើងខាប់ ដែលជាហេតុធ្វើឱ្យបេះដូងត្រូវធ្វើការយ៉ាងធ្ងន់ធ្ងរ ដើម្បីច្របាច់ឈាមទៅចិញ្ចឹមរាងកាយនៅពេលព្រឹក។
ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ និងរក្សាភាពក្មេងវ័យ ក្នុងរយៈពេល ១ ម៉ោងដំបូងបន្ទាប់ពីភ្ញាក់ពីគេង អ្នកគួរតែអនុវត្តនូវគោលការណ៍សំខាន់ៗចំនួន ៣ ដូចខាងក្រោម៖
១. ផឹកទឹកសីតុណ្ហភាពធម្មតា (២ កែវ ឬ ៤០០-៥០០ មីលីលីត្រ)
ទម្លាប់ដំបូងបង្អស់ដែលអ្នកត្រូវធ្វើភ្លាមៗក្រោយពេលក្រោកពីគ្រែ គឺការផឹកទឹកស្អាតក្នុងបរិមាណប្រមាណ ៤០០ ទៅ ៥០០ មីលីលីត្រ (ប្រហែល ២ កែវ)។
ហេតុអ្វីត្រូវផឹកទឹកសីតុណ្ហភាពធម្មតា? ការស្រាវជ្រាវបានបញ្ជាក់ថា ទឹកដែលមានសីតុណ្ហភាពធម្មតា (មិនត្រជាក់ និងមិនក្ដៅពេក) អាចឱ្យរាងកាយស្រូបយកទៅប្រើប្រាស់បានលឿនជាងទឹកត្រជាក់រហូតដល់ទៅ ៤០%។ ការផឹកទឹកត្រជាក់ភ្លាមៗនៅពេលព្រឹក អាចធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយចុះត្រជាក់ភ្លាមៗ ដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារដែលកំពុងតែចាប់ផ្តើមដំណើរការ។
ការផឹកទឹកពេលព្រឹក ជួយពង្រាវឈាមដែលកំពុងខាប់ឱ្យត្រលប់មកសភាពធម្មតាវិញ សម្រួលដល់ចរន្តឈាម កាត់បន្ថយបន្ទុករបស់បេះដូង និងជួយលាងសម្អាតជាតិពុលដែលសេសសល់ក្នុងពោះវៀន ធ្វើឱ្យស្បែកភ្លឺថ្លាពីខាងក្នុង។
២. ទទួលពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹម (រយៈពេល ១០ នាទី)
បន្ទាប់ពីញ៉ាំទឹករួច អ្នកគួរតែចេញទៅក្រៅដើម្បីឱ្យរាងកាយបានប៉ះពាល់នឹងពន្លឺព្រះអាទិត្យពេលព្រឹក (ចន្លោះម៉ោង ៦:០០ ទៅ ៧:០០ ព្រឹក) ប្រមាណ ១០ នាទី។ ពន្លឺព្រះអាទិត្យនៅម៉ោងនេះ គឺមានសភាពស្រទន់ មិនក្ដៅខ្លាំង និងមិនបំផ្លាញស្បែកឡើយ។
ហេតុអ្វីវាសំខាន់ចំពោះភាពក្មេងវ័យ? ពន្លឺព្រះអាទិត្យដែលជះមកលើរាងកាយ និងភ្នែករបស់យើង នឹងបញ្ជូនសញ្ញាទៅកាន់ខួរក្បាល ដើម្បីកំណត់ "នាឡិកាជីវសាស្ត្រ" របស់រាងកាយឱ្យដើរបានត្រឹមត្រូវ។
ការធ្វើបែបនេះត្រូវបានរកឃើញថា ជួយពន្យារប្រវែងនៃ "តេឡូមែរ (Telomeres)" ដែលជាផ្នែកចុងនៃក្រូម៉ូសូម មានតួនាទីការពារកោសិកាពីភាពចាស់។ លើសពីនេះទៀត វាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេង ឬអាល់ហ្សៃមឺរ (Alzheimer's) រហូតដល់ទៅ ៥៨% ព្រមទាំងជួយរាងកាយផលិតវីតាមីន D ដែលល្អសម្រាប់ឆ្អឹង និងប្រព័ន្ធភាពស៊ាំ។
៣. បំពេញជាតិប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់ (៣០ ទៅ ៤០ ក្រាម)
អាហារពេលព្រឹកគឺជារឿងសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ "សមាសធាតុនៃអាហារពេលព្រឹក" អ្នកត្រូវធានាថា រាងកាយទទួលបានប្រូតេអ៊ីនពី ៣០ ទៅ ៤០ ក្រាម នៅក្នុងអាហារពេលព្រឹករបស់អ្នក។
ប្រភពនៃប្រូតេអ៊ីន ដូចជា... សាច់ទ្រូងមាន់ ១០០ ក្រាម ផ្តល់ប្រូតេអ៊ីនប្រហែល ២០ ទៅ ៣០ ក្រាម តែអ្នកទទួលទានអាហារផ្សេងទៀតដូចជា ស៊ុត ត្រី សណ្តែក ឬទឹកដោះគោជូរ ដើម្បីបង្គ្រប់។ ត្រូវចាំថា ទោះបីជាអ្នកញ៉ាំសាច់ ១០០ ក្រាម ក៏មិនមែនមានន័យថារាងកាយស្រូបយកប្រូតេអ៊ីនបាន ១០០ ក្រាមដែរ គឺវាស្រូបបានត្រឹមតែ ២០ ទៅ ៣០ ក្រាមប៉ុណ្ណោះ។
ហេតុអ្វីប្រូតេអ៊ីនពេលព្រឹកសំខាន់? ការបរិភោគប្រូតេអ៊ីនបានគ្រប់គ្រាន់នៅពេលព្រឹក ធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ កាត់បន្ថយចំណង់អាហារផ្អែម ឬការញ៉ាំអាហារសម្រន់ផ្តេសផ្តាសពេញមួយថ្ងៃ សំខាន់បំផុតវាជួយការពារការបាត់បង់ ឬរលាយសាច់ដុំ នៅពេលដែលសាច់ដុំយើងរឹងមាំ ការដុតរំលាយអាហារ ក៏ដំណើរការបានល្អ ដែលធ្វើឱ្យរាងកាយយើងមិនងាយធាត់ និងរក្សាបាននូវភាពក្មេងវ័យ ព្រមទាំងមានកម្លាំងពេញមួយថ្ងៃ។
សម្រាប់អ្នកដែលមិនធ្លាប់បានយកចិត្តទុកដាក់ថែរក្សាសុខភាពពីមុនមក ប្រសិនបើអ្នកសាកល្បងផ្លាស់ប្តូរទម្លាប់ ដោយចាប់ផ្តើមអនុវត្តតាមជំហានទាំង ៣ នេះជាប្រចាំ អ្នកនឹងសង្កេតឃើញពីការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់នៃរាងកាយរបស់អ្នក ទាំងថាមពល ភាពស្រស់ថ្លា និងសុខភាពទូទៅ។
សុខភាពល្អ ផ្តើមចេញពីការចាប់ផ្តើមដ៏ត្រឹមត្រូវនៅពេលព្រឹក!
_____សុវត្ថន៍-Sovathn
ប្រភពឯកសារយោង:
- Popkin, B. M., D'Anci, K. E., & Rosenberg, I. H. (2010). Water, hydration, and health. Nutrition Reviews, 68(8), 439–458.
- Mead, M. N. (2008). Benefits of sunlight: A bright spot for human health. Environmental Health Perspectives, 116(4), A160–A167.
- Schoenfeld, B. J., & Aragon, A. A. (2018). How much protein can the body use in a single meal for muscle-building? Implications for daily protein distribution. Journal of the International Society of Sports Nutrition, 15(1), 10.
#សុវត្ថន៍_Sovathn #ថាមពលល្អ #ឱកាស #តស៊ូ #ទម្លាប់ល្អ